តើកុំព្យូទ័រជាអ្វី?
ប្រភពពី : Lifewire
បច្ចេកវិទ្យាបានផ្លាស់ប្តូរ រាល់ដំណើរការ និង ការយល់ឃើញរបស់យើងអំពីជីវិត។ វាលើសពីអ្វី ដែលយើងធ្លាប់ដឹង អាចមើលឃើញ និងស្តាប់បាន។ អ្នកអាចទទួលបានពត៍មាន ទាន់ហេតុការណ៍មួយរំពេចភ្នែក។ អ្វីៗគ្រប់យ៉ាង គឺនៅក្នុងដៃរបស់អ្នក។
ប៉ុន្តែតើយើងដឹងទេ ថារាល់ថ្ងៃនេះ យើងភ្ជាប់យ៉ាងម៉េចខ្លះជាមួយបច្ចេកវិទ្យា?
ចម្លើយខ្លី ហើយសាមញ្ញបំផុតនោះគឺ “កុំព្យូទ័រ”។ កុំព្យូទ័រ គឺជាឧបករណ៍អេឡិចត្រូនិក ដែលអាចរក្សាទុក ទាញយក និង ដំណើរការទិន្នន័យ។ ជាមួយនឹងកុំព្យូទ័រ អ្នកអាចវាយឯកសារ រុករកគេហទំព័រ ផ្ញើអ៊ីមែល និង លេងហ្គេមយ៉ាងពេញចិត្ត។
កុំព្យូទ័រចែកចេញជាពីរផ្នែកធំៗគឺ ផ្នែករឹង (Hardware) និង ផ្នែកទន់ (Software)។ Hardware គឺជាផ្នែករឹងណាមួយនៃកុំព្យូទ័រ ដូចជាក្តារចុច និងកណ្តុរ។ Software គឺជាបណ្តុំនៃការណែនាំដោយការសរសេរកូដ ដែលប្រាប់កុំព្យូទ័រនូវអ្វីដែលត្រូវធ្វើ ឬ កម្មវិធី ដូចជា Google Meet ឬ Gmail ។
កុំព្យូទ័រមានច្រើនរូបរាង និងទំហំជាច្រើន។ ភាគច្រើន យើងស្គាល់កុំព្យូទ័រ តាមរយះ កុំព្យូទ័រផ្ទាល់ខ្លួន ដែលហៅថា Personal Computer (PC) និង កុំព្យូទ័រយួរដៃ (Laptop)។ ប្រភេទកុំព្យូទ័រផ្សេងទៀតនោះគឺ ស្មាតហ្វូន ម៉ាសុីនហ្គេម និងឧបករណ៍ដែលអាចពាក់បាន ដូចជានាឡិកា។
ប្រភពពី : Trending News Buzz
ដូច្នេះហើយ កុំព្យូទ័រមានឥទ្ធិពលខ្លាំងណាស់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ ដូចដែលលោក Bill Gates ធ្លាប់បាននិយាយថា “មានឱកាសការប្រើកុំព្យូទ័រ (អ៊ីនធឺណិត) គឺមានសារៈសំខាន់ដូចជាការធានាថា មនុស្សកាន់តែច្រើន នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងប្រឆាំងនិងជំងឺឆ្លង” ។ សម្រាប់អ្នក និងខ្ញុំ ការចូលប្រើប្រាស់កុំព្យូទ័រមានសារៈសំខាន់ ដូចនឹងការទទួលបានការអប់រំល្អ និងកាន់តែប្រសើរឡើង។
ឥឡូវនេះ អ្នកកំពុងតែប្រើប្រាស់កុំព្យូទ័រដើម្បីសម្របខ្លួន និងការរៀនពីចម្ងាយតាមរយៈអ៊ីនធឺណិត ការរៀនបែបឌីជីថល។ តោះរៀនទាំងអស់គ្នា និងប្រើប្រាស់បច្ចេកវិទ្យាមួយនេះ ឲ្យអស់ពីសមត្ថភាព និង អត្ថប្រយោជន៍របស់វា។